ឯកឧត្តម សោម ពិសិដ្ឋ លើកឡើងថា ស្នាដៃ កេរដំណែល ដែលមនុស្សចាស់បន្សល់ទុកគឺជាមេរៀនបទ ពិសោធន៍ដ៏ល្អ សម្រាប់កូនចៅជំនាន់ក្រោយ
កែប៖ ក្នុងឱកាសដឹកនាំមន្ត្រីរាជការខេត្តកែប ចុះសួរសុខទុក្ខព្រឹទ្ធាចារ្យចំនួនបីរូប គឺៈ ព្រឹទ្ធាចារ្យ អាន ហេ អតីតអភិបាលរងទីមួយក្រុងកែប , ព្រឹទ្ធាចារ្យ នេត ហួន អតីតអភិបារងទីបីក្រុងកែប , ព្រឹទ្ធាចារ្យ នុត លន អតីតប្រធានសាខាពន្ធដារក្រុងកែប នៅគេហដ្ឋានរបស់ព្រឹទ្ធាចារ្យ ទាំងបី នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ នេះ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានសម្តែងនូវកត្តញ្ញូតាធម៌ និងដឹងគុណចំពោះ ព្រឹទ្ធាចារ្យទាំងបីរូប ដែល បានបង្កើតធនធាន ស្នាដៃ ដ៏មានសារៈប្រយោជន៍ និងជាគម្រូដ៏ល្អ ក្នុងការផ្តល់ចំណេះដឹង ចំណេះធ្វើ មេរៀន និងបទពិសោធន៍ដឹកនាំ យ៉ាងច្រើនដល់ មន្ត្រីរាជការ និងថ្នាក់ដឹកនាំខេត្តកែប ក៏ដូចជា សម្រាប់មនុស្សជំនាន់ក្រោយ។ ឯកឧត្តម អភិបាលខេត្ត្តបានមានប្រសាសន៍ថា មនុស្សចាស់ ជាបណ្ណាល័យរស់ ដែលបានផ្តល់ការអប់រំ ដំបូន្មាន និងបទពិសោធន៍ល្អៗសម្រាប់យុវវ័យជំនាន់ថ្មី។ ហើយមនុស្សចាស់ ក៏ជាធនធានដ៏សំខាន់បានចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យបានរីកចម្រើនផងដែរ។ ឯកឧត្តមបញ្ជាក់ថា ពេលនេះជារដូវភ្ជុំបិណ្ឌ ជាប្រពៃណីដែល កូនចៅជំនាន់ក្រោយ របស់យើងផ្តោតការយកចិត្តទុក ដាក់តបស្នងសងគុណចំពោះ មាតាបិតា ជីដូនជីតា ក៏ដូចជាគ្រូបាធ្យាយ ហើយព្រឹទ្ធាចារ្យទាំងបី ចាត់ទុកដូច ជីដូនជីតា សម្រាប់មន្ត្រីរាជការខេត្តកែប ដែលតែងអប់រំទូន្មាន តម្រង់ទិស បង្ហាញផ្លូវ ក្នុងការអនុវត្តន៍ការងារដឹកនាំខេត្តកែប ឆ្ពោះទៅរកការរីកចម្រើនថែមទៀត ហើយការយកចិត្តទុកដាក់ប្រត្តិបត្តិចំពោះចាស់ព្រឹទ្ធាចារ្យ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តកែប នាពេលនេះ ក៏ជាគម្រូល្អមួយ សម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត និងជាប្រពៃណីដ៏ផូរផង់ និងការលើកកម្ពស់សីលធម៌សង្គមយើង ឲ្យកាន់តែថ្កើងថ្កានថែមទៀត។ ក្រោយពីជូននូវវត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួន ជូនដល់ព្រឹទ្ធាចារ្យទាំងបីរូប នាឱកាសនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អភិបាលខេត្ត ក៏បានបួងសួងដល់វត្ថុស័ក្តសិទ្ធក្នុងលោក តាមជួយផ្តល់ពរជ័យ សូមព្រឹទ្ធាទាំងបីរូប មានសុខភាពល្អ ជន្មាយុយឺនយូរ ដើម្បីជាប្រទីបបំភ្លឺផ្លូវ និងជាស្រែបុណ្យសម្រាប់កូនចៅជំនាន់ក្រោយ៕
ប្រភព៖មន្ទីរព័ត៌មានខេត្តកែប



No comments